ពិធីបុណ្យចូលឆ្នាំ

មនុស្សគ្រប់ជាតិសាសន៍តែងប្រារព្​ធធ្វើពិធីបុណ្យ​ចូលឆ្នាំថ្មី។ គេនិយម​កំណត់​ពេល​វេលានិង​រៀបចំ​បុណ្យ​នេះប្លែកៗ​គ្នាស្រប​​ទៅ​តាម​​ជំនឿ ទំនៀមទំលាប់ និងប្រពៃណីរបស់គេ។ ជនជាតិខ្មែរ​យើង​បាន​នាំ​គ្នា​ធ្វើបុណ្យចូល​ឆ្នាំ​តាំងពី​បុរាណ​កាលរៀងរាល់​ ឆ្នាំ​រហូតមក។
យើង​មាន​ឯកសារ​ជាច្រើន​ស្តីពីបុណ្យ​ចូលឆ្នាំ។​បុព្វហេតុ​ដែលនាំអោយ​ បញ្ចប់​ឆ្នាំចាស់​ហើយចូលឆ្នាំថ្មីនេះ ដោយ​អ្នកខ្លះមានជំនឿតាម​រឿងព្រេង​មួយដែលមាន​សេចក្តីជាអាទិ៍ថា «កបិលមហាព្រហ្ម» បានចោទ​ប្រស្នា ៣ខ ដល់ធម្មបាលកុមារ ជាកូនសេដ្ឋីដែល​បានរៀន​ចប់នូវត្រៃវេទនិងចេះភាសាបក្សី​ទាំងពួង​ហើយ​បាន​ សន្យាថាបើដោះ​ស្រាយមិនរួច​ទេនឹងកាត់ក្បាល ធម្មបាល​ទាល់ប្រាជ្ញាប៉ុន្តែ​ទីបំផុត​​ បាន​ស្តាប់សត្វ​ឥន្ទ្រី​ញីឈ្មោល សន្ទនា​គ្នាអំពីប្រស្នា​នោះទើប​បានយល់ហើយ​ដល់ថ្ងៃកំណត់​ក៏បានឆ្លើយ​ថា ៖
ខទី១៖វេលាព្រឹកសិរីសួស្តីស្ថិតនៅមុខ ទើបមនុស្សត្រូវយកទឹកលុបមុខ។
ខទី២៖វេលាថ្ងៃត្រង់សិរីសួស្តីស្ថិតនៅទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។
ខទី៣៖វេលាល្ងាចសិរីសួស្តីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកលាងជើង។
កបិលមហា​ព្រហ្ម​ត្រូវកាត់ក្បាលបូជា ធម្មបាលកុមារ ហើយអោយ​កូនស្រីទាំង​៧នាក់យក​ពានមកទទួល​ក្បាល រួចហើយកូនច្បង​ហែរប្រទក្សិណ​ភ្នំព្រះសុមេរុ ៦០នាទី ទើបយក​ទៅទុកក្នុង​មណ្ឌល​នៅក្នុងគុហា គន្ធមាលី នៃភ្នំកៃលាស។ លុះគំរប់ឆ្នាំ សង្ក្រាន្ត ទេពធីតាទាំង៧ ក៏ផ្លាស់វេន​គ្នាហែរក្បាល កបិលមហា​ព្រហ្ម ប្រទក្សិណ ភ្នំព្រះ​សុមេរុរាល់ៗឆ្នាំរហូតមក។ ហេតុនេះ​ហើយបាន​ជាមានសង្ក្រាន្ត ឬទំនៀមដាច់​ឆ្នាំចាស់​ចូលឆ្នាំថ្មីនេះ។​ អ្នកខ្លះទៀតមានជំនឿថា ក្នុងរវាង១ឆ្នាំដែល​រស់នៅជួនកាល​គេជួប្រទះចង្រៃ​ឧបទ្រព ជួនកាលមាន​ជំងឺប្រចាំកាយ ជួនកាល​ទៀតបាន​ប្រព្រឹត្ត​អំពើសៅហ្មង​ផ្សេងៗជាដើម។
លុះផុតឆ្នាំ​ចាស់នេះទៅគេធ្វើបុណ្យ គេស្លៀក​ពាក់ថ្មីៗ ដើរលេងអោយ​សប្បាយ​ឲអស់កង្វល់​អោយបាត់​នឿយហត់ រួចទើប​ចាប់ផ្តើមសាងជីវភាព​ថ្មីឲបាន​ជួបប្រទះ​សុភមង្គលគ្រប់​ប្រការ និងអាយុ​យឺនយូរត​ទៅ​មុខទៀត។ តាម​ទំនៀម​ទំលាប់ពិធីចូលឆ្នាំ​ប្រព្រឹត្តទៅ​ចំនួន៣ថ្ងៃ។
ថ្ងៃដំបូង​ជាថ្ងែមហាសង្ក្រាន្ត ថ្ងៃទី២ជាថ្ងៃរណបត ថ្ងៃទី៣ជាថ្ងៃឡើងស័ក។ ឯការកំណត់​ថ្ងៃខែម៉ោង នាទី ដែលឆ្នាំចាស់​ត្រូវ​ផុតកំណត់ហើយ​ដែលទេពតា​ឆ្នាំថ្មី ត្រូវចុះ​មកទទួល​តំណែង​ពីទេពតា​ឆ្នាំចាស់នោះ គេអាច​ដឹងបាន​យ៉ាងទៀងទាត់​ដោយ​អាស្រ័យ​ក្បួន​ហោរាសាស្ត្រ​តាមបែបបុរាណ គឺក្បួន​មហាសង្គ្រាន្ត​នេះឯង។
នៅប្រទេសកម្ពុជា តើថ្ងៃចូលឆ្នាំថ្មីត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យនគរធំឡើងទៅ ខ្មែរយើង​ប្រើចន្ទគតិ(វិធីដើរនៃ​ព្រះចន្ទ) ទើបកំណត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ នៃខែកត្តិក​ជាខែទី១២។ លុះក្រោយមក ទើបគេនិយមប្រើ​សុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយ​កំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី៥) ដែលជាដើមឆ្នាំកំណត់ ព្រះអាទិត្យចូលកាន់មេសរាសី ឯថ្ងៃចូលឆ្នាំ​រមែងត្រូវលើថ្ងៃទី១៤ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំប៉ុន្តែយូរៗទៅប្រហែលជាមានភ្លាត់ម្តងៗចូលឆ្នាំ​ក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញ​សង្ក្រាន្ត»(ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ ឯមហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្ត»(ពេលដែលព្រះអាទិត្យដើរ បញ្ឆៀងមិនត្រង់ពីលើក្បាលសង្ក្រាន្ត)។ គេនៅប្រើ​ចន្ទគតិអែបនឹងសុរិយគតិដែរ ព្រោះចន្ទគតិ​មានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិជាច្រើន។ ​​ចំណែកឯ​ថ្ងៃចូលឆ្នាំ​តាមចន្ទគតិមិនបានទៀងជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ​ជួនកាល​ទៀតក្មុង​វេលារនោច​ទៅវិញ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ៤កើតខែចែត្រ និងមិនហួសថ្ងៃ៤កើត ខែពិសាទទេ ដូចនេះ​ឃើញថា​សង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាទក៏មាន។
ក្រៅពីនេះ យើងមានឯកសារខ្លះទៀតដែលបញ្ជាក់ថា ខ្មែរយើងប្រារព្ធពិធីចូលឆ្នាំនៅខែចេត្រ ដូចអត្ថបទ​របស់លោក ជីវតាក្វាន់ថានៅខែចែត្រ​ខ្មែរយើងបានធ្វើបុណ្យដោយមានលេងល្បែងចោលឈូងផង។ ឯសិលាចារឹតនៅប្រាសាទព្រះខាន់ ក៏បានចែងថា ខ្មែរបានធ្វើបុណ្យក្មុងខែចេត្រដែរ។
ចំពោះពិធីផ្សេងៗក្មុងឱកាសទទួលឆ្នាំថ្មី ខ្មែរយើងបានរៀបចំតាមប្រពៃណីដូចតទៅនេះ៖ នៅពេលមុន​ចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សំអាតផ្ទះសំបែង កាត់សំលៀកបំពាក់ថ្មីៗជាដើម។ ថ្ងៃចូលឆ្នាំមកដល់គេរៀបចំពលិការចាំទទួលទេវតាថ្មីដែលមានជាអាទិ៍ៈទៀន៥ ធូប៥ ផ្កា លាជ៥ បាយសី៥ ថ្នាក់១គួ បាយសីបាក្លាម១គួ ស្លាធម៌១គួរ ស្លាបារី១ពាន ផ្កាផ្លែឈើ។ លុះរណ្តាប់​រៀបរួច​ស្រេច​ហើយ គេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបពលិកានោះ ហើយអុជទៀនធូបបន់ស្រន់​សុំ​សេចក្តីសុខ​ចំរើនគ្រប់ប្រការពីទេព្តាថ្មី រួចនាំគ្នាសូត្រនមស្ការបង្គំព្រះហើយបែកគ្នាទៅ។ ឯពិធី៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះ
គឺ៖
ថ្ងៃទី១ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឈនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ​ឫជុំវិញដើមពោធិណាមួយក្នុងវត្តនោះ។ នៅពេលព្រលប់​គេប្រគេន​ភេសជ្ជៈ​ដល់ព្រះ​សង្ឃ​និមន្តលោកចំរើនព្រះបរិត្ត និង​សំដែងធម្មទេសនា។
ថ្ងៃទី២ កូនឫចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់​ដល់អ្នក​មានគុណ​មានឪពុកម្តាយ​ជីដូនជីតា​ជា​ដើម។ គេធ្វើទានដល់អ្នកបំរើអ្នកក្រីក្រឯទៀត។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រ​ធម្មអធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃប័ង្សុកូលចេតិយ បញ្ជូន​មគ្គផលវញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅហើយ។
ថ្ងៃទី៣ ពេលព្រឹកនិមន្តព្រះសង្ឈឆ្លងភ្នំខ្សាច់។ ពេលល្ងាច​និមន្តព្រះសង្ឃ​ស្រង់ទឹក(តាមការនិមន្ត​នៃ​ស្រុកខ្លះ) និងស្រង់ព្រះពុទ្ធរូប។
នៅក្នុងឱកាសចូលឆ្នាំនេះ បណ្តាជននាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តជាច្រើនដូចជា លេងបោះឈូង បោះអង្គុញ ទាញព្រ័ត្រ មានរបាំត្រុដិ (ច្រើននៅបាត់ដំបង សៀមរាប) ជាដើម។

No comments:

Post a Comment